leftcenterrightdel
អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Nguyen Quoc Dung (រូបថត៖ vnanet.vn)

អ្នកយកព័ត៌មាន៖ សូមលោកអនុរដ្ឋមន្រ្តីឲ្យដឹងអំពី ចំណុចសំខាន់បំផុត  និងលទ្ធផលលេចធ្លោ នៃសន្និសីទជាន់ខ្ពស់អាស៊ានលើកទី៣១ និងបណ្តាសន្និសីទជាន់ខ្ពស់ពាក់ព័ន្ធផ្សេងៗទៀត?  តើសន្និសីទលើកនេះមានចំណុចពិសេសអ្វីខ្លះ?

អនុរដ្ឋមន្រ្តី លោក Nguyen Quoc Dung៖ សន្និសីទលើកនេះមានការពិភាក្សាយ៉ាងផុលផុស និងទទួលបានលទ្ធផលជាក់ស្តែង បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយបានបញ្ចប់ឆ្នាំមួយប្រកបដោយ ជោគជ័យនៃឆ្នាំរំលឹកខួបអនុស្សាវរីយ៍លើកទី ៦០ នៃការ បង្កើតសមាគមអាស៊ាន។ សន្និសីទបានបង្ហាញយ៉ាងច្បាស់អំពីស្មារតីសាមគ្គីភាព ការខិតខំប្រឹងប្រែងដើម្បី សម្រេចបាននូវសម្លេងរួមតែមួយនៃបណ្តាប្រទេស អាស៊ាន ក៏ដូចជាបានបង្ហាញឲ្យឃើញនូវការគាំទ្រ យ៉ាងខ្លាំងក្លាពីសំណាក់ប្រទេសជាដៃគូទាំងអស់ ចំពោះការអភិវឌ្ឍនៃសហគមន៍អាស៊ានដែលកំពុងដើរតួនាទីជាមជ្ឈមណ្ឌលក្នុងតំបន់។ ក្នុងស្មារតីនេះ ថ្នាក់ដឹកនាំទាំងអស់បានពិភាក្សាលើបញ្ហាសំខាន់ៗដោយផ្តោតលើបញ្ហាប្រឈមមុខនានា និងនិន្នាការដែលកំពុងលេចឡើងនៅក្នុងតំបន់ និងនៅលើពិភពលោក។ ប្រធានបទ សំខាន់ៗដែលត្រូវបានពិភាក្សាដោយរួមមាន៖ (i) វិធានការសម្របខ្លួនទៅនឹង បដិវត្តន៍ឧស្សាហកម្ម៤.០ (បញ្ហាសេដ្ឋកិច្ចឌីជីថល ធនធានមនុស្សគុណភាពខ្ពស់ សន្តិសុខអ៊ីនធើណែត)។ (ii) ជំរុញការអភិវឌ្ឍនៃពាណិជ្ជកម្មអន្ដរជាតិ ការប្រឆាំងនឹងនិន្នាការ គាំពារនិយម និងជំរុញការចរចា និងចុះហត្ថលេខាលើ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា។ (iii) ជំរុញការអភិវឌ្ឍដោយផ្តោតលើប្រជាជន និងយកប្រជាជនធ្វើជាស្នូលការអភិវឌ្ឍ ប្រកបដោយនិរន្តរភាពនិងគ្របដណ្តប់ ការបង្រួមគម្លាតនៃការអភិវឌ្ឍ។ (iv) ការលើកកម្ពស់ និងគោរពច្បាប់ក្នុងការកសាងសហគមន៍ក៏ដូចជាក្នុងការដោះស្រាយបញ្ហាអន្តរជាតិ និងក្នុងតំបន់(ដូចជាបញ្ហានុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ ជម្លោះនៅសមុទ្រខាងកើត បញ្ហាភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន ... )។

សន្និសីទទាំងនេះអាចចាត់ទុកថាជារដូវប្រមូលផលកិច្ចព្រមព្រៀងយ៉ាង “លើសលប់”។ ថ្នាក់ដឹកនាំទាំងអស់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអាស៊ានស្តីពីការការពារ និងលើកកម្ពស់សិទ្ធិរបស់ពលករចំណាកស្រុក ហើយក៏បានអនុម័តលើឯកសារចំនួន ៥៥ ផ្សេងទៀតផង។ ឯកសារទាំងនេះ សុទ្ធតែមានប្រសិទ្ធភាពជាក់ស្តែង ខ្ពស់ដែលជាប្រធានបទទាំងអស់ដែលទទួលបានការយកចិត្តទុកដាក់ ពីសាធារណជនដោយផ្ទាល់ ឬដោយប្រយោលដែលទាក់ទងនឹងផលប្រយោជន៍របស់ ប្រជាជនអំពីបញ្ហានានាដូចជា សង្គមកិច្ច សិទ្ធិស្មើភាពរបស់ពលករ ឱកាសការងារ សមភាពយេនឌ័រ សុខភាព សុខាភិបាល ការកាត់បន្ថយភាពក្រីក្រ ការសម្របសម្រួលបង្កលក្ខណៈសម្រាប់ សហគ្រាស។ល។ គួរឲ្យកត់សម្គាល់ថា ឯកសារស្តីពីការការពារ និងការលើកកម្ពស់សិទិ្ធពលករ ចំណាកស្រុកបានចាប់ផ្តើមពិភាក្សាតាំងពី ១០ ឆ្នាំកម្លងមកម៉្លេះ តែបានជួបប្រទះឧបសគ្គជាច្រើនណាស់ ដូច្នេះ ការដែលថ្នាក់ដឹកនាំនៃប្រទេសអាស៊ានទាំង១០ បានរួមគ្នាចុះហត្ថលេខាលើឯកសារនោះក្នុងសន្និសីទកំពូលលើកនេះ បានបង្ហាញពីស្មារតីធ្វើការក្នុងកម្រិតខ្ពស់បំផុត ដោយមានសុឆន្ទៈ និងការខិតខំប្រឹងប្រែងក្នុង ការសម្របសម្រួលផលប្រយោជន៍ដើម្បីឈានដល់ការព្រមព្រៀងគ្នារួមមួយ។

អ្នកយកព័ត៌មាន៖ សូមលោកអនុរដ្ឋមន្រ្តីឲ្យដឹងអំពីការចូលរួម និងការរួមចំណែករបស់វៀតណាមក្នុងសន្និសីទលើកនេះ?

អនុរដ្ឋមន្រ្តី លោក Nguyen Quoc Dung៖ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានដឹកនាំគណៈប្រតិភូ វៀតណាមចូលរួមសន្និសីទលើកនេះ ដោយមានការទទួលខុសត្រូវ និងការរួមចំណែកយ៉ាងសំខាន់ដល់ កិច្ចសហប្រតិបត្តិការអាស៊ាន និងដៃគូរបស់ខ្លួនក៏ដូចជា ភាពជោគជ័យរួមនៃសន្និសីទទាំងឡាយ។ លោកនាយករដ្ឋមន្ត្រីបានចូលរួមក្នុងសកម្មភាពទាំងពហុភាគី និងទ្វេភាគីជាង៣០។ ហើយនៅក្នុងសន្និសីទជាន់ខ្ពស់អាស៊ានលើកទី ៣១ លោកនាយករដ្ឋមន្រ្តីបាន ថ្លែងសុន្ទរកថាសំខាន់ៗដោយបានលើកឡើងនូវគំនិត ផ្តួចផ្តើមសំខាន់ៗចំនួន ៣ ក្នុងកិច្ចសហប្រតិបត្តិការ ដូចជា៖ (i) ធ្វើឲ្យអត្តសញ្ញាណនៃសហគមន៍អាស៊ាន មានរូបរាងថ្មីឡើងដោយឈរលើមូលដ្ឋាននៃការតភ្ជាប់ និងការធ្វើសមាហរណកម្មលើគ្រប់ជ្រុងជ្រោយ ការកសាងសមិទ្ធិផលរួមរបស់អាស៊ាន។ (ii) ជំរុញការ ចងសម្ព័ន្ធសេដ្ឋកិច្ចក្នុងតំបន់ជួយដល់សហគ្រាសធុនតូច និងមធ្យម។ (iii) លើកកម្ពស់តួនាទីជាមជ្ឈមណ្ឌល ឋានៈ និងការពឹងផ្អែកលើខ្លួនឯងរបស់អាស៊ាន។ តាងនាមឲ្យប្រទេសអាស៊ានទាំងមូលក្នុងនាមជា ប្រទេសសម្របសម្រួលទំនាក់ទំនងអាស៊ាន-ឥណ្ឌា លោកនាយករដ្ឋមន្ត្រីវៀតណាមបានថ្លែងសុន្ទរកថារួមស្តីពីវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគី និងទិសដៅ អនាគតនៃទំនាក់ទំនងអាស៊ាន-ឥណ្ឌា។ នៅឯបណ្តាសន្និសីទជាន់ខ្ពស់ផ្សេងៗទៀត លោកនាយករដ្ឋមន្ត្រី បានចូលរួមមតិ និងចែករំលែកការវាយតម្លៃ និងគំនិតផ្តួចផ្តើមជាក់ស្តែងដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអាស៊ាន និងរវាងអាស៊ានជាមួយដៃគូនានា។ ក្នុងឱកាសនេះដែរ លោក Nguyen Xuan Phuc ក៏មានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំរបស់ប្រទេស និងអង្គការអន្តរជាតិជាច្រើនផងដែរ។

សម្លឹងលើទិដ្ឋភាពរួម ការរួមចំណែករបស់វៀតណាម ក្នុងសន្និសីទដោយក្នុងឋានៈជាសមាជិកមួយដ៏សកម្ម ម្ចាស់ការបានបង្ហាញឲ្យឃើញនូវការរីកលូតលាស់ ធំធាត់ក្នុងសមត្ថភាពធ្វើសមាហរណកម្ម និងតួនាទីសំខាន់ៗរបស់ប្រទេសវៀតណាមនៅក្នុងតំបន់។ លើសពីនេះទៀត សន្និសីទអាស៊ានទាំងនេះបាន ប្រព្រឹត្តទៅភ្លាមៗបន្ទាប់ពីកិច្ចប្រជុំកំពូល APEC នៅវៀតណាម ការចូលរួម និងការរួមចំណែករបស់ គណៈប្រតិភូវៀតណាមនៅសន្និសីទបានបង្ហាញថា វៀតណាមមិនត្រឹមតែសកម្ម ម្ចាស់ការក្នុងនាមជា ប្រទេសម្ចាស់ផ្ទះប៉ុណ្ណោះទេ  ថែមទាំងក្នុងតួនាទីណាក្តី នៅវេទិកាណាក្តីវៀតណាមតែងតែមានស្មារតីទទួលខុសត្រូវ និងរួមចំណែកក្នុងសមិទ្ធិផលរួមផងដែរ។ លទ្ធផលទទួលបានពីការចូលរួមរបស់វៀតណាមក្នុង បណ្តាសន្និសីទជាន់ខ្ពស់អាស៊ានបូកនឹងភាពជោគជ័យនៃ APEC វៀតណាមឆ្នាំ ២០១៧ បានរួមវិភាគទានជួយ បំពេញសម្រេចគំនូរនៃវិស័យការទូតពហុភាគីរបស់វៀតណាមឆ្នាំ ២០១៧៕

អ្នកយកព័ត៌មាន៖ សូមអរគុណចំពោះការផ្តល់បទសម្ភាសន៍របស់លោក អនុរដ្ឋមន្រ្តីការបរទេស!

បកប្រែដោយ Minh Trung