leftcenterrightdel
លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាមបានទទួលជួបលោក Huang Kunming សមាជិកការិយាល័យនយោបាយ និងជាប្រធានគណៈឃោសនាមជ្ឈិមចិន (រូបថត៖ vnanet.vn)

 

លោកអគ្គលេខាបក្ស Nguyen Phu Trong បានស្វាគមន៍លោក Huang Kunming និងគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅ​វៀតណាម និងចូលរួមសិក្ខាសាលាស្ដីពីទ្រឹស្ដីលើកទី ១៤ រវាងបក្សទាំងពីរ ដោយមានប្រធានបទ “ភាពជាក់ស្ដែង និងបទពិសោធន៍ផ្លាស់ថ្មីរបស់វៀតណាមនិងកំណែទម្រង់ និងបើកចំហររបស់ចិន” ហើយបានឲ្យដឹងថា ដំណើរទស្សនកិច្ចនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការបន្ដបង្កើនទំនាក់ទំនងមិត្ដភាព និងកិច្ចសហប្រតិបត្ដិការរវាងបក្សទាំងពីរ រដ្ឋទាំងពីរថែមទៀត។

លោកអគ្គលេខាបក្ស Nguyen Phu Trong បានបញ្ជាក់ថា បក្ស រដ្ឋ និងប្រជាជនវៀតណាមយកចិត្ដទុកដាក់យ៉ាងខ្លាំងចំពោះការរីកចំរើននូវទំនាក់ទំនងក្នុងភាពជាអ្នកជិតខាង ដៃគួសហប្រតិបត្ដិការយុទ្ធសាស្ដ្រគ្រប់ជ្រុងជ្រោយជាមួយចិន។ ព្រមទាំងលោកស្នើឲ្យភាគីទាំងពីររក្សាការផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់ និងរវាងបណ្ដាស្ថាប័នបក្ស ក្រសួង មូលដ្ឋាន និងប្រជាជននៃប្រទេសទាំងពីរ ហើយក៏បានសង្កត់ធ្ងន់លើតួនាទីសំខាន់របស់ស្ថាប័នឃោសនា និងសារព័ត៌មាននៃប្រទេសទាំងពីរក្នុងការអភិវឌ្ឍទំនាក់ទំនងរវាងវៀតណាមនិងចិន ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ តំបន់ និងពិភពលោក។

លោក Huang Kunming បានបញ្ជាក់ថា បក្ស និងរដ្ឋាភិបាលចិនតែងតែយកចិត្ដទុកដាក់យ៉ាងខ្លាំង​ និងមានបំណងចង់ពង្រីកទំនាក់ទំនងមិត្ដភាពជាប្រពៃណី ដៃគូសហប្រតិបត្ដិការយុទ្ធសាស្ដ្រគ្រប់ជ្រុងជ្រោយជាមួយវៀតណាម។ ព្រមទាំងលោកសង្កត់ធ្ងន់លើសារ​សំខាន់នៃការរៀបចំសិក្ខាសាលាប្រចាំឆ្នាំស្ដីពីទ្រឹស្ដីរវាងបក្សទាំងពីរ ហើយក៏បានវាយតំលៃខ្ពស់ចំពោះប្រធានបទនៃសិក្ខាសាលាលើកទី ១៤ និងសំដែងនូវបំណងចង់ផ្លាស់ប្ដូរទ្រឹស្ដី និងចែករំលែកបទពិសោធន៍ជាក់ស្ដែងអំពីការផ្លាស់ថ្មី កំណែទម្រង់ និងបើកចំហរជាដើម។

គួររំលឹកថា នៅថ្ងៃដដែល លោក Vo Van Thuong សមាជិកការិយាល័យនយោបាយ និងជាប្រធានគណៈឃោសនាអប់រំមជ្ឈិមវៀតណាម បានជួបពិភាក្សាជាមួយ លោក Huang Kunming ៕

បកប្រែដោយ Pham Diep